និយមន័យ

ពន្ធឈ្នួលផ្ទះ និងដី ត្រូវបានកំណត់យកលើប្រាក់ឈ្នួលដែលបានមកពីការជួល ៖
  • អាគារដែលសង់លើដីដូចជាផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យ...
  • យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហ៍កម្ម
  • ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហ៍កម្ម ដែលនៅនឹងមួយកន្លែង អាគារធំៗដែលដាក់ធាតុរាវឬ ផលិតផលផ្សេងៗ ដូចជាប្រេងឥន្ទនៈ កៅស៊ូចាក់ថ្នល៍ គ្រាប់ធញ្ញជាតិ
  • ផ្ទះបណ្ដែតទឹក កប៉ាល់សំរាប់ធ្វើលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗ
  • ដីធ្លីដែលគ្មានសំណង់ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរឬស្រែអំបិល។

ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករ។ បើករណីអ្នកជួលជាសហគ្រាសបានចុះបញ្ជីពន្ធដារក្នុងរបប ស្វ័យប្រកាស ប្រាក់ឈ្នួលនេះត្រូវបានបង្វែរមកគិតពន្ធនឹងបង់តាមវិធានពន្ធកាត់ទុកទូទៅវិញក្នុងអត្រា ១០%។

កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ

ប្រាក់ពន្ធនេះត្រូវបង់ប្រចាំខែជារៀងរាល់ខែ ដោយគិតចាប់ពីថ្ងៃដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងគ្នា។ ម្ចាស់ កម្មសិទ្ធិត្រូវប្រកាសក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាជួល ឬចាប់ពីថ្ងៃមានការប្រែប្រួលអំពីកិច្ចសន្យាជូន ទៅអង្គភាពពន្ធដារនៅក្នុងមូលដ្ឋានដែលទ្រព្យសម្បត្តិជួលនោះស្ថិតនៅ និងត្រូវភ្ជាប់ច្បាប់ថតចម្លងនៃកិច្ចសន្យាជួល ចំនួន១ច្បាប់ផង។ ពេលឈប់ជួលក្នុងរវាង ១៥ថ្ងៃ ម្ចាស់កម្មសិទ្ធិត្រូវប្រកាសជាលាយលក្ខណ៍អក្សរ ជូនទៅអង្គភាព ពន្ធដារជាមុន។

អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ

អត្រាពន្ធលើឈ្នួលផ្ទះ និងដីត្រូវបានកំណត់ស្មើនឹង១០% នៃប្រាក់ឈ្នួលដុល។ ប្រាក់ឈ្នួលដុលគឺជាប្រាក់ឈ្នួលបានចុះ កិច្ចសន្យា ឬកិច្ចព្រមព្រៀងជាមួយអ្នកជួល។