និយមន័យ

ពន្ធលើអចលនទ្រព្យ គឺជាប្រភេទពន្ធប្រចាំឆ្នាំ។ ពន្ធនេះប្រមូលចំពោះអចលនទ្រព្យដែលមាន តម្លៃលើសពី ១០០លានរៀលនិងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងរដ្ឋបាល ក្រុងនៃខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

អត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ

កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយត្រូវមកចុះបញ្ជី អចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងដាក់លិខិតប្រកាសបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត- ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។

អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ

អត្រាពន្ធលើអចលនទ្រព្យត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១% លើមូលដ្ឋានគិតពន្ធ។ មូលដ្ឋានគិតពន្ធគឺ ៨០%នៃតម្លៃអចលនទ្រព្យ សរុប (ទាំងតម្លៃដី ឬ/និងតម្លៃសំណង់) តាមអាយុកាលសំណង់ និងប្រភេទសំណង់ ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០ ០០០ ០០០រៀលសម្រាប់អចលនទ្រព្យមួយ។

ការគណនាប្រាក់ពន្ធត្រូវបង់
តម្លៃដី ៨០ម២ x ១ ៥០០ ដុល្លារ ១២០ ០០០ ដុល្លារ
តម្លៃផ្ទះជាន់ផ្ទាល់ដី (Eo) ៦៤ម២ x ២៥០ ដុល្លារ ១៦ ០០០ ដុល្លារ
តម្លៃផ្ទះជាន់ទី១ (E) ៦៤ម២ x ២០០ ដុល្លារ ១២ ៨០០ ដុល្លារ
តម្លៃផ្ទះជាន់ទី២ (Ea) ៦៤ម២ x ១៥០ ដុល្លារ ៩ ៦០០ ដុល្លារ
តម្លៃអចលនទ្រព្យសរុប ១៥៨ ៤០០ ដុល្លារ
តម្លៃសរុប ៨០% (គិតជារៀល) ១៥៨ ៤០០ ដុល្លារ x ៨០% x ៤ ០០០ រៀល ៥០៦ ៨៨០ ០០០ រៀល
មូលដ្ឋានគិតពន្ធ ៥០៦ ៨៨០ ០០០ រៀល - ១០០ ០០០ ០០០ រៀល ៤០៦ ៨៨០ ០០០ រៀល
ប្រាក់ពន្ធត្រូវបង់ ៤០៦ ៨៨០ ០០០ រៀល x ០,១% ៤០៦ ៨៨០ រៀល