ផែនការធុរកិច្ច
ដើម្បីរៀបចំដំណើរការអាជីវកម្មមួយ, លោកអ្នកគួរពិចារណាលើព័ត៌មានសំខាន់ៗ ដូចខាងក្រោម៖
ការស្រាវជ្រាវទីផ្សារ
អាចជួយលោកអ្នកទទួលបានព័ត៌មានច្រើន មុននឹងចាប់ផ្តើមដំណើរការអាជីវកម្មជោគជ័យ លោកអ្នកត្រូវស្គាល់ពីអតិថិជន និងទីផ្សារគោលដៅ ដើម្បីធ្វើការសម្រេចចិត្ត បានប្រសើរ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយអំពីទីផ្សារផលិតផល និងសេវាកម្មរបស់លោកអ្នក ។
ប្រភេទក្រុមហ៊ុន-សហគ្រាស
ដែលលោកអ្នកមានបំណងបង្កើតអាជីវកម្ម ដែលក្នុងនោះមានដូចជាប្រភេទសហគ្រាសឯកបុគ្គល ក្រុមហ៊ុនមូលធន ក្រុមហ៊ុនបរទេស ឬ ក្រុមហ៊ុនសហកម្មសិទ្ធិ ។ ប្រសិនបើអាជីវកម្មមានទម្រង់ជាក្រុមហ៊ុន, លោកអ្នកត្រូវមានលក្ខន្តិកៈក្រុមហ៊ុន ដែលមានចែងលម្អិតអំពីអាជីវកម្មនោះ រួមទាំងព័ត៌មានរបស់ម្ចាស់អាជីវកម្ម, ម្ចាស់ភាគហ៊ុន, ដើមទុនវិនិយោគ ជាដើម ។
ពាណិជ្ជនាម ឬ នាមករណ៍ក្រុមហ៊ុន
ក្រុមហ៊ុន-សហគ្រាសដែលត្រូវបង្កើត និងចុះបញ្ជីអាជីវកម្មថ្មី ត្រូវមាននាមករណ៍ក្រុមហ៊ុន-សហគ្រាសជាភាសាខ្មែរ និងភាសាអង់គ្លេស ដែលនាមករណ៍នេះត្រូវតែមិនស្រដៀងខ្លាំង ឬ ដូចទៅនឹងនាមករណ៍ក្រុមហ៊ុនសហគ្រាសដទៃ ដែលបានបម្រុងទុក ឬចុះបញ្ជីរួចរាល់ទេ លុះណាតែមានលិខិតអនុញ្ញាតពីក្រុមហ៊ុន-សហគ្រាស ដែលបានបម្រុងទុកនាមករណ៍នោះ ពីមុនរួចហើយ ។ លោកអ្នកអាចបម្រុងទុកនាមករណ៍ក្រុមហ៊ុន តាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបចេ្ចកវិទ្យាព័ត៌មាន សូមចុចទីនេះ
ដើមទុនវិនិយោគទៅលើអាជីវកម្ម
ម្ចាស់អាជីវកម្ម និងម្ចាស់ភាគហ៊ុន (បើមាន) ត្រូវកំណត់ និងព្រមព្រៀងលើដើមទុនវិនិយោគ ឱ្យស្របតាមទំហំ និងសកម្មភាពនៃអាជីវកម្ម ដែលត្រូវចាប់ផ្តើមដំណើរការសម្រាប់ក្រុមហ៊ុន-សហគ្រាសដែលនឹងត្រូវបង្កើតថ្មី ។
ផលរបរប៉ាន់ស្មាន
អគ្គនាយកដ្ឋានពន្ធដារផ្តល់ចំណាត់ថ្នាក់អ្នកជាប់ពន្ធទៅតាមទំហំនៃផលរបរប៉ាន់ស្មានប្រចាំឆ្នាំនៃអាជីវកម្មនីមួយៗ ដែលក្នុងនោះមាន៖
- អ្នកជាប់ពន្ធធំ (ផលរបរ > ៤ 000 លានរៀល)
- អ្នកជាប់ពន្ធមធ្យម (៤ 000 លានរៀល > ផលរបរ > ៧00 លានរៀល)
- អ្នកជាប់ពន្ធតូច (៧00 លានរៀល > ផលរបរ > ២៥0 លានរៀល)
ទីស្នាក់ការក្រុមហ៊ុន-សហគ្រាស
ក្រុមហ៊ុន-សហគ្រាសទាំងអស់ ត្រូវមានអាសយដ្ឋាន ច្បាស់លាស់ ដើម្បីធានាថាក្រុមហ៊ុន-សហគ្រាសដែលនឹងត្រូវបង្កើតឡើងមានទីតាំងពិតប្រាកដ និងបង្កភាពងាយស្រួលជូនដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចចុះត្រួតពិនិត្យ ក្នុងករណីចាំបាច់ ។ ប្រសិនបើក្រុមហ៊ុន-សហគ្រាសរបស់លោកអ្នកជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP), លោកអ្នកអាចស្នើសុំចុះបញ្ជីបាន សូមចុចទីនេះ