ទិដ្ឋភាពសង្គម

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ តាមរយៈការដាក់ចេញនូវគោលនយោបាយផ្សេងៗ ដោយកំណត់ « កំណើន» និង « សមធម៌» ជាគោលដៅអាទិភាពចម្បង ។ នៅក្នុងផ្នែកសេដ្ឋកិច្ច, ក្នុងរយៈពេលជាងពីរទសវត្សរ៍ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជា ស្ថិតក្នុងចំណោមប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងពិភពលោក ជាមួយនឹងអត្រាកំណើនជាមធ្យមខ្ពស់ជាង ៧% ក្នុងមួយឆ្នាំ ។

កំណើន

សមធម៌

នៅក្នុងផ្នែកសង្គម, កម្ពុជា ក៏ស្ថិតក្នុងចំណោមប្រទេស ដែលទទួលបានជោគជ័យខ្ពស់ ។ ជាក់ស្តែង, អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះពី ៥៣,២% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៣,៥% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៤ ប៉ុន្តែបានកើនឡើងវិញបន្តិចបន្តួចទៅអត្រា ១៧,៨% ក្នុងឆ្នាំ ២០១៩ ។ បន្ថែមលើនេះ, អាយុកាលមធ្យម (life expectancy) របស់ប្រជាជនកម្ពុជា បានកើនឡើងខ្ពស់ពី ៥៣,៦ ឆ្នាំ នៅក្នុងឆ្នាំ ១៩៩០ ទៅ ៦៩,៣ ឆ្នាំ នៅក្នុងឆ្នាំ ២០១៧ (កើនឡើង ១៥,៧ ឆ្នាំ) និង បានបន្តកើនឡើងរហូតដល់ ៧៥ ឆ្នាំ នៅក្នុងឆ្នាំ ២០១៩ (កើនឡើង ២១,៤ ឆ្នាំ) ដែលក្នុងនោះអាយុកាលមធ្យមរបស់មនុស្សប្រុសកើនឡើងដល់ ៧៤,៣ ឆ្នាំ និងមនុស្សស្រីកើនឡើងដល់ ៧៦,៨ ឆ្នាំ ។ ស្របពេលជាមួយគ្នានេះ, អត្រាមរណៈរបស់ទារក (កុមារស្លាប់មុនអាយុ ១ ឆ្នាំក្នុងកំណើតរស់ ១,០០០ នាក់) បានធ្លាក់ចុះពី ៧៩,៦ នាក់ នៅក្នុងឆ្នាំ ២០០០ មក ២៥,១ នាក់ នៅក្នុងឆ្នាំ ២០១៧ និងបន្តធ្លាក់មកត្រឹម ១៨ នាក់ ក្នុងឆ្នាំ ២០១៩ ។

លើសពីនេះទៅទៀត, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាពទទួលបានសេវាការគ្របដណ្តប់លើប្រព័ន្ធជំនួយសង្គម (រួមមាន៖ ១. ការឆ្លើយតបទៅនឹងគ្រោះអាសន្ន, ២. ការអភិវឌ្ឍមូលធនមនុស្ស, ៣. ការបណ្តុះបណ្តាលវិជ្ជាជីវៈ, និង ៤. សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ) និង ប្រព័ន្ធសន្តិសុខសង្គម រួមមាន៖

ការឆ្លើយតបទៅនឹងគ្រោះអាសន្ន

ការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ហានិភ័យការងារ

ការអភិវឌ្ឍមូលធនមនុស្ស

និកម្មភាព

ពិការភាព

ប្រព័ន្ធគាំពារសង្គមនេះ បានរួមចំណែកកាត់បន្ថយអត្រានិកម្មភាពចំនួន ០,៥៧% ក្នុងឆ្នាំ ២០២០ និង ០,៦២% ក្នុងឆ្នាំ ២០២១ និងកាត់បន្ថយភាពក្រីក្របានប្រមាណ ២,៧% ក្នុងឆ្នាំ ២០២០ និង ៣,៤% ក្នុងឆ្នាំ ២០២១ ។