ទិដ្ឋភាពនយោបាយ
ការរីកចម្រើននៃសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានសុខសន្តិភាព និង ស្ថិរភាពនយោបាយ ។ កម្ពុជា ធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ជាពិសេសរបបខ្មែរក្រហម ដែលបានធ្វើឱ្យកម្ពុជាកំណត់យកសុខសន្តិភាព ជាគោលដៅអាទិភាពចម្បងបំផុត ។ ក្រោយការផ្តួលរំលំរបបខ្មែរក្រហម នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩, កម្ពុជា ដៃម្ខាង ត្រូវខិតខំស្តារ និងកសាងសង្គម-សេដ្ឋកិច្ចឡើងវិញពីបាតដៃទទេ ហើយដៃម្ខាងទៀត ត្រូវខិតខំដោះស្រាយរាល់ជម្លោះ ដែលនៅសេសសល់ រហូតសម្រេចបាននូវសុខសន្តិភាពពេញលេញ និងបានរៀបចំការបោះឆ្នោតជាសកល ដោយសេរី និង យុត្តិធម៌ ជាលើកដំបូង នៅក្នុងឆ្នាំ ១៩៩៣ ។
របបកម្ពុជាប្រជាធិបតេយ្យ
របបសាធារណរដ្ឋប្រជាមានិតកម្ពុជា(រដ្ឋកម្ពុជា)
របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ សេរីពហុបក្ស
កម្ពុជា អាចរក្សាបាននូវសុខសន្តិភាព រហូតមកដល់ពេលបច្ចុប្បន្ននេះ តាមរយៈការប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយមានព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ហើយនាយករដ្ឋមន្រ្តី ជាប្រមុខរាជរដ្ឋាភិបាល និង របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលផ្តល់សិទ្ធិ និងសេរីភាពមូលដ្ឋានដល់ប្រជាពលរដ្ឋ និងគ្រប់គណបក្សនយោបាយផ្សេងៗ ក្នុងការចូលរួមក្នុងការបោះឆ្នោត ដោយសេរី និង យុត្តិធម៌ ។ យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣, អំណាចរដ្ឋទាំងអស់ គឺជារបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែការអនុវត្តអំណាចទាំងនេះ ត្រូវធ្វើឡើង តាមរយៈអំណាច ៣ គឺ ៖
អំណាចនីតិបញ្ញតិ
រដ្ឋសភា និងព្រឹទ្ធសភាអំណាចនីតិប្រតិបត្តិ
រាជរដ្ឋាភិបាលកម្ពុជាអំណាចតុលាការ
សាលាជម្រះក្តីប្រជាពលរដ្ឋ បោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា ឬតំណាងរាស្ត្រដោយផ្ទាល់ នៅរៀងរាល់ ៥ ឆ្នាំម្តង និង សមាជិកព្រឹទ្ធសភាដោយប្រយោល នៅរៀងរាល់ ៦ឆ្នាំម្តង។ ចំណែកឯ, គណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវទទួលការគាំទ្រពីរដ្ឋសភា តាមរយៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ។ ដោយឡែក, ចៅក្រម និង ព្រះរាជអាជ្ញា ត្រូវបានតែងតាំង, ព្យួរ និង បញ្ឈប់មុខងារ ដោយព្រះមហាក្សត្រ តាមរយៈសំណើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
បន្ថែមលើនេះ, នៅរៀងរាល់ ៥ ឆ្នាំម្តង, ប្រជាពលរដ្ឋ ក៏ត្រូវបោះឆ្នោតជ្រើសតាំងតំណាង ដោយផ្ទាល់ ឬមិនផ្ទាល់ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី, ខេត្ត, ក្រុង/ស្រុក/ខណ្ឌ និង ឃុំ/សង្កាត់) ដែលអនុវត្តសិទ្ធិអំណាច ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែមានស្វ័យភាពខាងរដ្ឋបាល និងហិរញ្ញវត្ថុ ក្នុងកម្រិតមួយ អាស្រ័យទៅតាមការគ្រប់គ្រងតាមបែបវិមជ្ឈការ ឬ វិសហមជ្ឈការ ។