ទិដ្ឋភាពសេដ្ឋកិច្ច

ក្នុងរយៈពេលប្រមាណ ២ ទសវត្សរ៍ចុងក្រោយនេះ, កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងអត្រាកំណើនជាមធ្យមលើស ៧% ក្នុងមួយឆ្នាំ ។ សមិទ្ធផលនេះបានផ្លាស់ប្តូរកម្ពុជាពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ ហើយក៏បាននាំឱ្យកម្ពុជាខិតកាន់តែជិតទៅសម្រេចចក្ខុវិស័យប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅក្នុងឆ្នាំ ២០៥០ ។ កំណើនដ៏លឿននេះគឺបណ្តាលមកពីការរីកចម្រើនយ៉ាងលឿននៃវិស័យមួយចំនួន ដូចជា វិស័យកសិកម្ម, វិស័យកាត់ដេរ និងវាយនភណ្ឌ, វិស័យសំណង់ និង វិស័យទេសចរណ៍ ។

7%

អត្រាកំណើនជាមធ្បមក្នុងមួយឆ្នាំ

នៅក្នុងឆ្នាំ ២០២០, វិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសង្គម-សេដ្ឋកិច្ចកម្ពុជា និង បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ៣,១% ដោយសារនៅពេលនោះកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ពុំទាន់យល់ច្បាស់អំពីជំងឺដ៏កាចសាហាវនេះ ។ ទោះជាយ៉ាងនេះក៏ដោយ, ជាមួយនឹងស្មារតីបុរេសកម្ម និង ការ-សម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការគ្រប់គ្រងថវិកា និងការដាក់ចេញនូវវិធានការសុខាភិបាល, រដ្ឋបាល និង សង្គម-សេដ្ឋកិច្ច, កម្ពុជាអាចងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងឆាប់រហ័ស ដោយសម្រេចបានអត្រាកំណើន ៣% នៅក្នុងឆ្នាំ ២០២១ និង ត្រូវបានព្យាករថានឹងបន្តមានកំណើនយ៉ាងលឿន ។ ជាក់ស្តែង, យោងតាមរបាយ-ការណ៍ នៅក្នុងខែ មេសា ឆ្នាំ ២០២២, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃថាកម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ក្នុងអត្រាប្រមាណ ៥.៣% ក្នុងឆ្នាំ ២០២២ និង ៦.៥% ក្នុងឆ្នាំ ២០២៣ ។

កំណើនសេដ្ឋកិច្ច

5.3%

ឆ្នាំ 2022

6.5%

ឆ្នាំ 2023

ប្រភព ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

សម្រាប់ទិសដៅទៅមុខ, កម្ពុជា បាន និងកំពុងព្យាយាមប្រែក្លាយវិបត្តិ ឱ្យទៅជាកាលានុវត្តភាព តាមរយៈការដាក់ចេញនូវវិធានការ និង គោលនយោបាយសំខាន់ៗ សំដៅបន្តផ្តល់ការគាំទ្រដល់វិស័យដែលមានសក្តានុពល, ធ្វើការកែទម្រង់ស៊ីជម្រៅ ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់កំណើន ពិពិធកម្ម និង ភាពប្រកួតប្រជែង, និងពង្រឹងភាពធន់ ប្រកបដោយចីរភាព និង បរិយាប័ន្ន ។ ជាក់ស្តែង, ក្រៅពីការដាក់ចេញនូវវិធានការអន្តរាគមន៍គាំទ្រដល់វិស័យឯកជនឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយគន្លឹះជាច្រើន ជាពិសេស ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្តល់ការការពារ និងការលើកទឹកចិត្តរហូតដល់ ៩ ឆ្នាំ ដល់ការវិនិយោគពីគ្រប់ទិសទី ។

នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ទាំងក្នុងប្រទេស និងក្នុងតំបន់, កម្ពុជា ក៏បាន និង កំពុងសហការយ៉ាងសកម្ម ជាមួយដៃគូអភិវឌ្ឍន៍, ស្ថាប័នជាតិ និង អន្តរជាតិ និង ប្រទេសជាដៃគូ ។ ជាក់ស្តែង, ក្នុងពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ កំពុងស្ថិតក្នុងស្ថានភាពក្តៅគគុក, កម្ពុជា បានសហការជាមួយប្រទេសជាដៃគូ ដើម្បីដាក់ចេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរួមមាន ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) និង ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ច-ព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុត ក្នុងប្រវត្តិសាស្ត្រពិភពលោក ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងក្លាយជាយន្តការយ៉ាងសំខាន់ ក្នុងការជំរុញធុរកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និង ការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ ឡើងវិញ ។